អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះថ្នាក់ដោយយថាហេតុនានាដែលបណ្តាលមកពីដើមឈើបាក់រលំនារដូវវស្សា ស្របនឹងការទទួលរងឥទ្ធិពលខ្យល់កន្ត្រាក់ផង។ លោកយិត ចាន់ ដាររដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗ ធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។ លោកបន្តថា ករណីនេះចំពោះរមណីយដ្ឋានអង្គរ ក៏ទទួលបានទឹកភ្លៀងក្នុងកម្រិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និង រងទទួលនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់និងចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ។
ស្ថិតក្នុងស្ថានភាពប្រឈមនេះ អាជ្ញាធរជាតិអប្សរាសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំងត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រកឬចតយានយន្តក្រោមដើមឈើ ដើម្បីចៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។ បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរ ឬការចតយានយន្ត ដោយសាររដូវនេះជារដូវវស្សា អ៊ីចឹងមានភ្លៀងធ្លាក់ជោគជាំខ្លាំងធ្វើឱ្យដីសើម ដែលបង្កឱ្យដើមឈើមានភាពងាយស្រួលក្នុងការដួលរលំ ដោយសារមានខ្យល់កន្រ្តាក់ មូលហេតុទី៣គឺការរងឥទ្ធិពលខ្យល់ព្យុះនានាដោយសាររមណីយដ្ឋានអង្គរ សម្បូរទៅដោយដើមឈើធំៗ អ៊ីចឹងធ្វើឱ្យដើមឈើអស់ហ្នឹងងាយស្រួលក្នុងការដួលរលំ អ៊ីចឹងបងប្អូនទាំងភ្ញៀវទេសចរហ្នឹង មានការប្រុងប្រយ័ត្នដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដោយសារដើមឈើរលំ។
សូមជម្រាបផងដែរថា ជារឿយៗ អាជ្ញាធរជាតិអប្សរា តែងតែជូនដំណឹងអំពីសកម្មភាពកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានអង្គរ។ សកម្មភាពទាំងនេះ ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។