នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចូល សម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Jean- Pierrere Lacroix អគ្គលេ ខាធិការរងអង្គការសហប្រជាជាតិ នៅការិយាល័យកណ្តាល អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម សែម សុវណ្ណនី បានលើកពីការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនការចូលរួមរបស់នារី ក៏ដូចជាការត្រៀមកងកម្លាំងនៅក្នុង ប្រព័ន្ធត្រៀមបម្រុង គឺកងកម្លាំងអាវុធហត្ថមួកខៀវ និងកងកម្លាំងវិស្វកម្ម និងការត្រៀម លក្ខណៈរួចជាស្រេចក្នុងការបញ្ជូនកងកម្លាំងស្ពានបណ្តែតទឹក និងលើគោក ទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងជំនួបនេះដែរ ឯកឧត្តម សែម សុវណ្ណនី បានស្នើសុំបន្ថែមកម្លាំងចល័ត ចំនួន៤៦នាក់ ក្នុងកងអនុសេនាធំរាជអាវុធហត្ថមួកខៀវ ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយសារថា កម្ពុជា និង UN បានចរចាររួចហើយកាលពីឆ្នាំ២០១៧ ជាមួយគ្នាសម្ភារ និងកម្លាំងក៏កម្ពុជា បានត្រៀមរួចជាស្រេចអស់ហើយ ដូច្នេះស្នើសុំទៅឯកឧត្តម អគ្គលេខាធិ ការរង UN សូមជួយជំរុញដើម្បីធ្វើការបញ្ជូនចេញទៅបេសកកម្មឱ្យបាន ឆាប់ផងដែរ។
ពាក់ព័ន្ធទៅនឹងកងកម្លាំង EOD ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឯកឧត្តម ក៏បានជម្រាបជូនទៅ ឯកឧត្តម Jean-Pierrere Lacroix ថា គឺកម្ពុជាបានត្រៀមកម្លាំង និងសម្ភាររួចជាស្រេច។ ចំពោះកងម្លាំងEOD ទៅកាន់សាធារណរដ្ឋម៉ាលី ក៏កម្ពុជាបានត្រៀម កម្លាំងនិងសម្ភាររួចជាស្រេចផងដែរ ដូច្នេះសូមឱ្យខាង UN ជំរុញការចល័តកម្លាំងឱ្យបាន ឆាប់រហ័សផងដែរ។
ឯកឧត្តមអគ្គនាយក ក៏បានស្នើសុំឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការ នៅ សាធារណរដ្ឋលីបង់ និងស្នើសុំបន្ថែមប៉ុស្តិ៍នាយទាហានសេនាធិការ និងនាយទាហាន សង្កេតការណ៍នៅសាធារណរដ្ឋម៉ាលី។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម Jean-Pierrere Lacroix បានកត់ទុកនូវ សំណូមពរទាំងអស់ ដើម្បីយកទៅពិភាក្សាជាមួយក្រុមការងាររបស់លោក ដើម្បីបង្កើន ប៉ុស្តិ៍ SOUNMO នៅសាធារណរដ្ឋម៉ាលី ក៏ដូចជាបង្កើតឱ្យមានប៉ុស្តិ៍នាយទាហានសេនាធិការ នៅសាធារណរដ្ឋលីបង់។ ឯកឧត្តម Lacroix បានអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលបានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការងារដ៏មាន សារៈសំខាន់នៅ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ។
ជាមួយគ្នា ឯកឧត្តម Lacroix បញ្ជាក់ថា លោកសង្ឃឹមថានឹងទៅទស្សនកិច្ចនៅ ប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីឆ្លៀតឱកាសទៅទស្សនកិច្ចនៅមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព និងទៅពិនិត្យមើលការត្រៀមសម្ភារ និងកម្លាំងដែលកម្ពុជាបានត្រៀម លក្ខណៈរួចជាស្រេច។